អាមេរិក៖កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចេញផ្សាយរូបភាពផ្លូវការដំបូងនៃការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រមូលយកនូវបំណែកនៃបាឡុងចារកម្ម របស់ចិន ដែលត្រូវបានបាញ់ទម្លាក់ពីលើមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAFPនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបថតដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញឱ្យឃើញសមាជិកកងទ័ពជើងទឹកអាមេរិកមកពីក្រុមអាវុធជាតិផ្ទុះ ឈរលើទូក ហើយទាញក្រណាត់ សំបកខាងក្រៅពណ៌សរបស់បាឡុង។ជុំវិញរឿងនេះ មន្រ្តីអ្នកនាំពាក្យរបស់សេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថា អាម៉េរិកនិងបន្ដព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន ប៉ុន្តែលទ្ធផលជាក់ស្តែងនៅថ្ងៃខាងមុខយ៉ាងណានោះគឺអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាលចិន។
វត្តមានបាឡុងចារកម្មរបស់ប្រទេសចិនលើដែនអាកាសរបស់អាម៉េរិកបានញាំងឱ្យមានបញ្ហាចម្រូងចម្រាសកើតឡើងនៅក្នុងឆាកនយោបាយរបស់អាម៉េរិក ខណៈក្រុមអ្នកនយោបាយមួយចំនួនរបស់គណបក្សសាធារណៈរដ្ឋបានបញ្ចេញមតិរិះគន់ចំពោះចំណាត់ការរបស់លោកប្រធានធិបតីចូបៃដិនដែលបានបញ្ជារឱ្យមានការបាញ់ទម្លាក់បាឡុងអាថ៌កំបាំងនេះ។
ដោយឡែក ប្រទេសចិន ធ្លាប់បានអះអាងថាបាឡុងនេះ គឺជាបាឡុងស៊ីវិលដែលប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ និងព្យាករណ៍ឧតុនិយម និងបានរិះគន់អាម៉េរិកវិញថាបានបញ្ចេញប្រតិកម្មជ្រុលហួសហេតុ បន្ថែមពីនេះរដ្ឋមន្រ្តីការបរទេសចិនក៏បានព្រមានថា នឹងប្រើប្រាស់វិធានការស្រដៀងនេះទៅលើសហរដ្ឋអាម៉េរិកនៅថ្ងៃខាងមុខផងដែរ ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង