ទោះប៉ះទង្គិចពាក្យសម្តីក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថានឹងអាចផ្សះផ្សា ជាមួយអាមេរិកឡើងវិញ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយពិពណ៌នាថាមានការប៉ះទង្គិតសម្តីគ្នាដ៏គួរឱ្យសោកស្តាយ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។
លោក ហ្សេលេនស្គី និយាយកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា លោកចង់ធ្វើឱ្យរឿងរាវទៅជាល្អវិញ ហើយត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលលោកបានយកទៅលើដាក់លើតុពិភាក្សា អំឡុងទស្សនកិច្ចទីក្រុងវ៉ាស៉ីតោន កាលពីសប្តាហ៍មុននោះ។ តាមសារបង្ហោះលើបណ្តាញសង្គម X លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង ចង់បានសង្រ្គាមមិនចេះចប់នោះទេ។ ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់ត្រៀមរួចជាស្រេចដើម្បីធ្វើការ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។
ជាមួយគ្នានេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបង្ហាញភាពជឿជាក់ថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅចុងបញ្ចប់គង់តែនឹងយល់ព្រមជជែករឿងសន្តិភាព ជាមួយរុស្ស៉ីមិនខាន ក្រោយទាស់សម្តីជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Vance បាននិយាយថា លោកប្រធានាធិបតីអ៊ុយក្រែន បានស្តែងឱ្យឃើញភាពខ្វះការគោរព អំឡុងជំនួបនៅសេតវិមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយលោក ត្រាំ ហើយបានបង្ហាញពីភាពគ្មានឆន្ទៈយ៉ាងច្បាស់ ដើម្បីចូលរួមក្នុងដំណើរការរកសន្តិភាព ដែលព្យាយាមផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក។ បើតាមលោក Vance គឺលោក ហ្សេលេនស្គី មិនទាន់ត្រៀមលក្ខណៈរួចរាល់នៅឡើយទេ ប៉ុន្តែលោកយល់ថា លោក ហ្សេលេនស្គី នៅទីបំផុតនឹងយល់ព្រមទទួលយកការចរចា ព្រោះវាជារឿងចាំបាច់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង