ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យជនរួមជាតិ រួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានមានព្រះរាជបន្ទូល ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ។
ក្នុងឱកាសស្ដេចយាងប្រារព្ធពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។
នាឱកាសនោះ ព្រះមហាក្សត្រ បានកោតសរសើរដោយស្មោះ ចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចអគ្គមហាពញាចក្រី, សម្តេចអគ្គមហាសេនាបតីតេជោ, សម្តេច ចៅហ្វាវាំង សម្ដេចក្រឡាហោម សម្តេចពិជ័យសេនា សម្ដេចកិត្តិសង្គហបណ្ឌិត និងថ្នាក់ដឹកនាំ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលបាន ប្រារព្ធពិធីរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជាយើង កំពុងមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេល ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា កំពុងតែចាប់ផ្តើមបំពេញភារកិច្ចដ៏ឧត្តម តាម តួនាទីរបស់ខ្លួនយ៉ាងសកម្ម ។
ព្រះមហាក្សត្រទ្រង មានបន្ទូលបន្ថែមថា អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងស័ក្តិ សមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ "ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ ។
ព្រះមហាក្សត្រ មានបន្ទូលបញ្ជាក់ថា «នៅក្នុងឱកាសនេះ ខ្ញុំ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ» ។
ព្រះករុណា មានបន្ទូល ដោយលើកឡើងថា តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់ យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ ៕EB