ភ្នំពេញ ៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារ សហរដ្ឋអាមេរិក។
លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថា ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹង ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារសហរដ្ឋអាមេរិក ដោយមានយានយន្តធ្វើចរាចរណ៍ជាង ៤លាន ២សែនគ្រឿង។
លោក បញ្ជាក់ថា ក្នុងរយៈពេល ៩ខែនេះ ក៏មានអ្នកដំណើរស្នើសុំសង្គ្រោះ ចំនួន ប្រមាណ ៣ពាន់លើក និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ២៥០ករណី ក្នុងនោះបង្កឱ្យមានមនុស្សរបួសចំនួន ៣៣នាក់ និងបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៤នាក់។
លោក បន្ដថា តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើង តិចជាង មួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗ ដែលមានចរាចរណ៍ម មាញឹក ដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេល វេលា ធ្វើដំណើរ៕