មេពន្ធនាគារ នឹងកំណត់អាណត្តិប្រធានមណ្ឌល និងពន្ធនាគាររាជធានី-ខេត្ត ត្រូវមានការផ្លាស់ប្ដូរ ៤ឆ្នាំម្ដង
ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នឹងកំណត់អាណត្តិប្រធានមណ្ឌល និងពន្ធនាគាររាជធានី-ខេត្ត ត្រូវមានការផ្លាស់ប្ដូររយៈពេល ៤ឆ្នាំម្ដង ប៉ុន្ដែក្នុងករណីប្រធានមណ្ឌលនោះ មានការដឹកនាំល្អ គឺអនុញ្ញាឲ្យ ៨ឆ្នាំ។
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ឈន សាណាត បានឲ្យដឹងថា កិច្ចការងារផ្លាស់ប្ដូរ ចំពោះប្រធានមណ្ឌល និងពន្ធនាគាររាជធានី-ខេត្ត ក្នុងរយៈពេល ៤ឆ្នាំម្ដងនេះ ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួង។
លោក អគ្គនាយក បានគូសបញ្ជាក់ថា «ខ្ញុំ ទទួលបានការណែនាំពីថ្នាក់ខាងលើ ដូចជា ការប្រជុំជាមួយអគ្គនាយករង ថា ឲ្យយើងមានអាណត្តិសម្រាប់ប្រធានមណ្ឌល ក៏ដូចជា ពន្ធនាគាររាជធានី-ខេត្ត ៤ឆ្នាំ មានការផ្លាស់ប្ដូរ។ ប៉ុន្ដែ លើកលែងករណីពិសេស បើលោកប្រធាន ឬក៏ប្រធានពន្ធនាគាររាជធានី-ខេត្ត មានការអភិវឌ្ឍល្អ មើលទៅការវាយតម្លៃគ្រប់ជ្រុងជ្រោយ ថា ដឹកនាំអង្គភាពល្អប្រសើរ យើងនឹងឲ្យបន្ដមួយអាណត្តិទៀត»។
លើសពីនេះ លោក អគ្គនាយក បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ កំណើនជនជាប់ឃុំនាពេលបច្ចុប្បន្ន មានការព្រួយបារម្ភ ហើយគិតមកដល់ពេលនេះមានចំនួន ៤,១៣១៨នាក់។ ទន្ទឹមនឹងនេះ លោក អគ្គនាយក បានណែនាំទៅដល់អគ្គនាយករង ទទួលបន្ទុកពន្ធនាគាររាជធានី-ខេត្ត និងប្រធានមណ្ឌលពន្ធនាគារទាំងអស់ ត្រូវណែនាំមន្ដ្រីក្រោមឱវាទ ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការគ្រប់គ្រងជនជាប់ឃុំ៕EB