ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកដល់ពេលនេះ មន្ត្រីរកឃើញពងអណ្តើកហ្លួង ចំនួន២០សំបុក មានពងសរុបចំនួន២០៦គ្រាប់
ភ្នំពេញ៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ ក្រុមអភិរក្ស សត្វអណ្តើកហ្លួងឬសរសៃ នៃរដ្ឋបាលជលផល និងអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្តើកហ្លួង ចំនួន ២០សំបុក មានពង សរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់ សិប្បនិមិត្ត ក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង ។
បើតាមហ្វេសប៊ុកអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) នាថ្ងៃទី១៤ កុម្ភៈ បានឲ្យដឹងថា យោងតាមរូបភាពដែលថត បានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារបានដាក់ចាំថត នៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើង ពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពង នៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ ។
នេះគឺជាឆ្នាំទី៤ ហើយដែលមេពូជអណ្តើក ហ្លួងបានទម្លាក់ពង នៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា ។ ក្រុមការងាររំពឹងថា នឹងរកឃើញ ពងអណ្តើកហ្លួងនៅក្នុង មជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៤នេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា ៕