ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដែលពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២១ ធ្នូ បានឱ្យដឹងថា សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំតម្រូវឱ្យ ធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង នៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាចស្តេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

នេះជាលើកទី២ ដែល ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានដាក់ QR Code ស្តង់ដា។ កិច្ចសហប្រតិបត្តិការនេះ គឺជាការបន្តជំរុញការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ ដើម្បីឱ្យការផ្តល់សេវាសាធារណៈកាន់តែមានភាពងាយស្រួល ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ (Soft Copy) ដោយចូលទៅក្នុង Telegram Bot ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ” តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-ii ឬស្តេន QR Code ដូចមានជូនភ្ជាប់ខាងក្រោម បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាឯកសាររឹង (Hard Copy) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តនិងនៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈ និងឯកជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ