ជនជាតិថៃម្នាក់និងស្ត្រីអ្នកទេសចរជនជាតិអង់គ្លេសម្នាក់បាត់ខ្លួន ក្នុងឧបតិវហេតុលិចនាវា១គ្រឿងជិតប្រជុំកោះស៊ូរីន ក្នុងខេត្តផាងញ៉ាភាគខាងត្បូងថៃ
ប្រទេសថៃ ៖ នាវា១គ្រឿងបានលិចជាមួយអ្នកដំណើរ១៤នាក់នៅជិតប្រជុំកោះស៊ូរីន ក្នុងខេត្តផាងញ៉ា ភាគខាងត្បូងថៃកាលពីថ្ងៃទី២៣ ធ្នូ ។
ជនជាតិថៃម្នាក់និងស្ត្រីអ្នកទេសចរជន ជាតិអង់គ្លេសម្នាក់ បានបាត់ខ្លួនក្រោយគ្រោះថ្នាក់នោះ ដែលកើតមានក្នុងពេលធ្វើដំណើរទៅមុជក្នុងទឹកមើលបាតសមុទ្រ ក្នុងដែនទឹកនៃខេត្តផាងញ៉ាភាគខាងត្បូងថៃ។ អាជ្ញាធរសមុទ្រថៃផ្ដល់ព័ត៌មាននាវេលាម៉ោង៩ព្រឹកថា នាវាដឹកពួកអ្នកមុជទឹកឈ្មោះPORN SAWAN បានជួបគ្រោះថ្នាក់ហើយលិចនៅជិតកោះតូរីនឡា ដែលគេហៅផងដែរថាកោះកៃ។ គ្រោះថ្នាក់នោះកើតមាននៅខាងក្រៅប្រជុំកោះស៊ូរីន ត្រង់កន្លែងមួយស្ថិតនៅចម្ងាយប្រមាណជា៧,៤គីឡូម៉ែត្រពីច្រាំង។
នាវានោះដឹកអ្នកដំណើរ១៤នាក់បានចាកចេញពីកំពង់ផែTAP LAMUNG ដើម្បីទៅមុជចូលមើលក្នុងសមុទ្រ។ នាវានេសាទ១គ្រឿងអាចជួយសង្គ្រោះមនុស្សបាន១២នាក់ ក៏ប៉ុន្តែអ្នកដំណើរ២នាក់បានបាត់ខ្លួន។ ប្រតិបត្តិការរុករកកំពុងធ្វើតាមរកអ្នកបាត់ខ្លួនទាំង២នាក់នោះ។
ចំណែកផ្នែកឧតុនិយមថៃបានព្រមានពីធាតុអាកាសត្រជាក់ខ្លាំងនៅក្នុងទូទាំងប្រទេស និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង។ សេចក្ដីប្រកាសកាលពីថ្ងៃទី២៤ធ្នូគូសបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់មួយនិងការប្រមូលផ្ដុំខ្យល់ត្រជាក់នៅតែគ្របដណ្ដប់លើប្រទេសថៃនិងផ្នែកខាងត្បូងនៃសមុទ្រចិនខាងត្បូង។ អាស្រ័យហេតុនេះហើយបានជាអាកាសធាតុត្រជាក់និងខ្យល់ខ្លាំងមានក្នុងប្រទេសទាំងមូល។ ក្នុងបណ្ដាតំបន់ភ្នំភាគខាងជើងប្រទេសសីតុណ្ហភាពធ្លាក់ចុះដល់រវាងពី៣ទៅ១៣អង្សាសេ ជាមួយការធ្លាក់ព្រិលក្នុងតំបន់មួយចំនួន៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង