បាងកក៖ នៅថ្ងៃទី៨ខែមករានេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា ធនាគារកណ្តាលគួរតែពិចារណាកាត់បន្ថយអត្រាការប្រាក់ ដោយសារអតិផរណាមានកម្រិតទាបហើយ ខណៈលោកគ្រោងនឹងនិយាយទៅកាន់ទេសាភិបាលធនាគារកណ្តាល ដើម្បីជំរុញឱ្យគាត់ពិចារណាឡើងវិញនូវគោលជំហរគោលនយោបាយរបស់ធនាគារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា៖«យើងបាននិយាយគ្នាគ្រប់ពេល។ លើការដំឡើងអត្រាការប្រាក់ ខ្ញុំមានជំហរច្បាស់លាស់ដែលខ្ញុំមិនយល់ស្រប ប៉ុន្តែគាត់មានអំណាចក្នុងការបង្កើនវា»។ លោកបន្តថា ជាមួយនឹងអតិផរណាឥឡូវនេះមានកម្រិតទាប ដូច្នេះគួរតែពិចារណាលើការកាត់បន្ថយអត្រាការប្រាក់វិញ។


សូមបញ្ជាក់ថា ធនាគារកណ្តាលថៃបានរក្សាអត្រាការប្រាក់គោលដែលជាកម្រិតខ្ពស់បំផុតគឺ២,៥ ភាគរយ តាំពីខែវិច្ឆិកាឆ្នាំមុន មកមិនបានផ្លាស់ប្ដូរទៀតទេ បន្ទាប់ពីបានដំឡើងវាដោយអស់២ភាគរយចាប់តាំងពីខែសីហាឆ្នាំ២០២២។អតិផរណា -០,៨៣ ភាគរយនៅក្នុងខែធ្នូឆ្នាំ ២០២៣ ដែលធ្វើឱ្យវាជាកម្រិតខុសពីគោលដៅរបស់ធនាគារកណ្តាលចំនួនប្រាំបីខែជាប់ៗគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ