(ប៉ាគីស្ថាន)៖ ចំនួនអ្នកស្លាប់បានបន្តកើនឡើង ដល់ ១០០នាក់ហើយនៅល្ងាចថ្ងៃអង្គារនេះ ក្នុងករណីវាយប្រហាក្នុងវិហារឥស្លាមមួយក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះមនុស្សរងគ្រោះមានប្រមាណ២០០នាក់  អ្នករបួសចំនួន ៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងត្រូវបានគេព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ លោក Mohammad Asim អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading បាននិយាយថា អ្នករងរបួសចំនួន ៥៣ នាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយអ្នកផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ បន្ទាប់ពីទទួលបានការព្យាបាល។


គួរបញ្ជាក់ថា ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យ ប្រទេសប៉ាគីស្ថាន គឺត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ