ប្រទេសឡាវ៖ អត្រាអតិផរណាកើនដល់ ៤០,៣០ភាគរយ នៅក្នុងខែមករា។ នេះបើយោងតាមការចេញផ្សាររបស់កាសែត Laotian Times។កត្តាចម្បងដែលរួមចំណែកដល់ការកើនឡើងនៃកម្រិតអតិផរណានេះ គឺតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងផលិតផលនាំចូលផ្សេងទៀត ដែលបានកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងការបន្តធ្លាក់ចុះនៃរូបិយប័ណ្ណឡាវ។
ប្រទេសឡាវ ក៏បានរាយការណ៍ពីអត្រាអតិផរណាជាមធ្យម ២៣ភាគរយ កាលពីឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងពីតួលេខឆ្នាំ ២០២១ ដែលមានចំនួន ៣,៨ភាគរយ។នៅឆ្នាំ ២០២២ តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល បានកើនឡើងជាមធ្យម ២២ភាគរយ ខណៈដែលតម្លៃនៃគ្រឿងស្រវឹង និងផលិតផលថ្នាំជក់កើនឡើង ១៤,២ភាគរយ។
តម្លៃប្រភេទសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ១៨,៨ភាគរយ។ ទន្ទឹមនឹងនេះដែរ តម្លៃនៃការទំនាក់ទំនង និងការដឹកជញ្ជូនបានកើនឡើង ៤១,៣ភាគរយ។ ការថែទាំវេជ្ជសាស្រ្ត និងតម្លៃឱសថ បានកើនឡើង ២៧,៦ភាគរយផងដែរ។លើសពីនេះ តម្លៃសម្លៀកបំពាក់ និងស្បែកជើង បានកើនឡើងដល់ ១៦,៣ភាគរយ។ ម្យ៉ាងវិញទៀត ប្រភេទលំនៅឋាន បានឃើញតម្លៃកើនឡើង ១៦,៤ភាគរយ ហើយការកើនឡើង ១៨,៧ភាគរយ ត្រូវបានកត់ត្រាទុកសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។
វេទិកាអាស៊ីបូព៌ា (EAF) បានរាយការណ៍ថា ការរួមបញ្ចូលគ្នានៃវិបត្តិឥន្ធនៈសកល និងកង្វះទុនបម្រុងរូបិយប័ណ្ណបរទេសនៅក្នុងប្រទេសឡាវ បានធ្វើឱ្យការនាំចូលមានតម្លៃថ្លៃជាង និងបន្ថែមភាពលំបាករបស់ប្រជាជនទូទៅ។ទោះបីជារដ្ឋាភិបាលឡាវ បានដាក់ចេញនូវគោលនយោបាយ ដើម្បីគ្រប់គ្រងការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក រួមទាំងការដំឡើងអត្រាការប្រាក់ និងការប្រើប្រាស់ទុនបម្រុងប្តូរប្រាក់បរទេសសម្រាប់ការនាំចូលទំនិញសំខាន់ៗក៏ដោយ ក៏ប្រទេសនេះចាំបាច់ត្រូវដោះស្រាយបញ្ហារចនាសម្ព័ន្ធមូលដ្ឋានដើម្បីគ្រប់គ្រងអត្រាអតិផរណាដែលបានកើនឡើងខ្ពស់ដែលខ្លួនបានរាយការណ៍នាពេលថ្មីៗនេះ៕