ថៃ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Karom Phonphonklang បានឱ្យដឹងថា មានពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញជាង ៣៦៥ ០០០ ករណីក្នុងរយៈពេល១៨ខែចុងក្រោយនេះ ដែលបណ្តាលឱ្យខាតបង់សរុបចំនួន ៤៥ពាន់លានបាត។

លោកកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងទិន្នន័យពាក្យបណ្តឹងដែលមាននៅលើគេហទំព័រ thaipoliceonline.com។ ទិន្នន័យដែលផ្តល់ដោយប៉ូលិសថៃ ដំណើរការចាប់ពីថ្ងៃទី១ខែមីនាឆ្នាំមកដល់ថ្ងៃទី ៣០ខែកញ្ញាកន្លងទៅ។ ទិន្នន័យទាំងនោះបានបង្ហាញថា ប្រជាជនបានដាក់ពាក្យបណ្តឹងទាក់ទងនឹងការឆបោកចំនួន ៣៦៥ ៥៤៧ ករណីតាមរយៈគេហទំព័ររបស់ប៉ូលិស ខាតបង់ទឹកប្រាក់សរុបចំនួន ៤៥,៧ពាន់លានបាត ហើយគណនីអ្នកឆបោកចំនួន ១៦៧ ៣៤៧ ដែលមានតម្លៃ ១១,២៥ពាន់លានបាតត្រូវបានបង្កក។

 អ្នកនាំពាក្យដដែល បានបន្ថែមថា ពាក្យបណ្តឹងភាគច្រើនទាក់ទងនឹងការក្លែងបន្លំការទិញទំនិញតាមអ៊ីនធឺណិតដែលមានចំនួន ១០០ ៦៩៤ ករណីនិងបណ្តាលឱ្យខាតបង់ដល់ ១,៩ពាន់លានបាត។

ការបោកប្រាស់ដ៏ពេញនិយមផ្សេងទៀតរួមមានការបោកប្រាស់ប្រាក់កម្ចីមាន ៣៣ ៥១៧ ករណី ការឆបោកតាមការវិនិយោគ ចំនួន ២២ ៧៤០ករណី ការឆបោកតាមរយៈការគំរាមកំហែងបោកប្រាស់ ចំនួន២០ ៤៧៤ ករណី ការក្លែងបន្លំអត្តសញ្ញាណរបស់អ្នកដទៃដើម្បីជំរុញឱ្យមានការផ្ទេរប្រាក់ចំនួន ៩៦៦៤ករណី និងការបោកបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ប្តូរយករង្វាន់ចំនួន ៨៦៩៧ករណី។ 

លើសពីនេះ មានការឆបោកតាមរយៈការក្លែងបន្លំការទិញទំនិញតាមអ៊ីនធឺណិតចំនួន ៨១០៧ករណី ការបញ្ឆោតជនរងគ្រោះក្នុងការដំឡើងកម្មវិធីដែលគួរឱ្យសង្ស័យ ៤៧៨៦ករណី ការបញ្ចូលទិន្នន័យក្លែងក្លាយទៅក្នុងប្រព័ន្ធកុំព្យូទ័រ ២៩៧២ករណី ការក្លែងបន្លំទ្រព្យសម្បត្តិឌីជីថលចំនួន ១២២៩ ករណី និងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រចំនួន ៧៩ករណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ