តើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអាចទៅរួចទេ ខណៈជនស៊ីវិលបានបាត់បង់ជីវិតជាបន្តបន្ទាប់ ?
អ៊ីស្រាអែល៖ សហរដ្ឋអាម៉េរិក រុស្ស៊ីនិងបណ្តាប្រទេសធំៗកំពុងជំរុញឱ្យមានការផ្អាកការប្រយុទ្ធគ្នា ឬបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីអាចឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធដោយសង្គ្រាម ។
បើទោះបីជាមានការអំពាវនាវ និងតួរលេខនៃជនស៊ីវិល និងកងកម្លាំងបន្តបានបាត់បង់ជីវិតកាន់តែច្រើនក៏ដោយ ជំហរវាង ភាគីទាំងពីរនេះ មិនមានការប្រែប្រួលអ្វីនោះ ទេ ដោយភាគីទាំងពីរបានលើកហេតុផលរៀងៗខ្លួន ជាក់ស្តែង អ៊ីស្រាអែលលើកឡើងថា បទឈប់បាញ់បណ្តោះអាសន្នអាចធ្វើទៅបាន លុះត្រាតែចំណាប់ខ្មាំងនៅហ្គាហ្សា ត្រូវបានដោះលែង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បញ្ជាក់ជាថ្មីថា បទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប គឺអាចធ្វើទៅបានលុះត្រាតែ “យើងអាចយកចំណាប់ខ្មាំងរបស់យើងមកវិញ”។លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក CBS ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេល ដែលលោកបានសាទរថា ប្រតិបត្តិការលើដី ដែលធ្វើឡើងដោយកងកម្លាំងការពារអ៊ីស្រាអែល បាននាំអ៊ីស្រាអែល ខិតទៅជិតគោលដៅរបស់ខ្លួនក្នុងការធានាការដោះលែងចំណាប់ខ្មាំងប្រហែល ២៤០នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅពេលដែលក្រុមបាតុករអ៊ីស្រាអែល រាប់ពាន់នាក់ រួមទាំងសមាជិកគ្រួសាររបស់ចំណាប់ខ្មាំងបានបន្តដើរដង្ហែពីទីក្រុងTel Aviv ទៅកាន់ទីក្រុងយេរ៉ូសាឡឹម ដើម្បីអំពាវនាវឱ្យមានការដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែលនៅហ្គាហ្សា។ ពួកគេត្រូវបានគេសន្មត់ថានឹងមកដល់ក្រុងយេរ៉ូសាឡឹមនៅល្ងាចថ្ងៃសៅរ៍នេះ ហើយប្រមូលផ្តុំនៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី។
ជុំវិញការទាមទាររបស់អ៊ីស្រាអែលបែបនេះ ចម្លើយរបស់ក្រុមហាម៉ាសស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ សមាជិកជាន់ខ្ពស់ក្រុមហាម៉ាស នៅថ្ងៃចន្ទបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ចលនាប៉ាឡេស្ទីនបានឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល។
លោក Izzat al-Rishq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “របាយការណ៍អំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសគឺមិនពិតនោះទេ” ។ក្រុមហាម៉ាសត្រូវបានគេជឿថាកំពុងឃុំខ្លួនជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ២៣៩នាក់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ ក្រុមប៉ាឡេស្ទីននិយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងអ្នកចាប់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន ។
សូមបញ្ជាក់ថា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សា បានប្រកាសថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងការឡោមព័ទ្ធបានកើនឡើងលើសពី ១២,០០០ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា។
លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៥,០០០ នាក់ និងស្ត្រី ៣,៣០០ នាក់ ដោយបន្ថែមថាមនុស្សជាង ៣០,០០០នាក់បានរងរបួសផ្សេងៗគ្នា។លោក Al-Thawabta បានលើកឡើងថា ចំនួនអ្នកបាត់ខ្លួនបានកើនលើស ៣,៧៥០នាក់ រួមទាំងកុមារ ១,៨០០នាក់ ដែលនៅតែស្ថិតនៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕