នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្ត​ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការអញ្ជើញចូ​លរួម​ពីសំណាក់ រដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រ​ធាន និងសមាជិកក្រុមការងារអន្តរក្រសួង ​ដើម្បីសិក្សារៀបចំលិខិ​តបទដ្ឋាន​គតិយុត្តសម្រាប់​ការគ្រប់​គ្រង​ឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

 នាឱកាសនោះ លោក ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានមានប្រសាសន៍លើកឡើងថា កិច្ច​ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះបានធ្វើឡើងចំនួន៤​លើករួចមកហើយ ដោយអង្គប្រជុំបានពិនិត្យ និងពិភាក្សាសម្រេចបាន ចំនួន៣ជំពូក រួមមានជំពូកទី១ ទី២ និងទី៣ នៃសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ហើយកិច្ចប្រជុំថ្ងៃនេះនឹងបន្តពិនិត្យ​ពិភាក្សាលើជំពូកទី៤ ដល់ជំពូកទី៧ជាបន្តទៀត។

 សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ហើយព្រះ​រា​ជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបាន​គោរមងារ​ឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។

​សូមរំលឹកជូនដែរថា ក្រុមការងារអន្តរក្រសួងនេះត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅថ្ងៃទី០៩ ខែមេ​សា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិ​យុត្តសម្រាប់ការគ្រប់គ្រ​ង​ឧក​ញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតប​ទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប។ ក្នុងនោះមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

 ក្រុមការងារនេះមានភារកិច្ចសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើកា​រពិ​គ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន​ពាក់​ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើ​សុំផ្តល់​គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ