ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា ក៏នៅមានបញ្ហាប្រឈមមួយចំនួន បង្កឡើងដោយសារបច្ចេកវិទ្យាទំនើប និងតាមបណ្តាញសង្គមជាដើម ដូច្នេះវិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឱ្យច្បាស់លាស់ផងដែរ។

នាឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាច្រើននៅជំវិញពិភពលោក បន្តរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២នេះ គណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការរីកចម្រើនទាំងនេះ សម្ដេចក្រឡាហោម ស ខេង អះអាងថា «កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប និងតាមបណ្តាញសង្គមជាដើម ហើយវិស័យព្រះពុទ្ធសាសនា ចាំបាច់ត្រូវធ្វើការស្វែងយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញយកប្រយោជន៍ពីបច្ចេកវិទ្យា តាមរយៈការធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំពុទ្ធសាសនិកជនឱ្យប្រតិបត្តិតាមគន្លងនៃសាសនានិងឲ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ