បារាំង៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើដំណើរទៅកាន់ទីក្រុងបែរឡាំង និងទីក្រុងប៉ារីស នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអធិការបតីអាលឺ្លម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron។
ដំណើរទស្សនកិច្ចរបស់លោក Zelenskyy ទៅកាន់ប្រទេសបារាំង និងអាល្លឺម៉ង់ កើតមានឡើងចំពេលសង្រ្គាមនៅអ៊ុយក្រែន ជិតឈានចូលដល់ឆ្នាំទី៣ ហើយ កងទ័ពអ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាក នៅឯសមរភូមិភាគខាងកើតនៃប្រទេស ដោយសារតែខ្វះខាតសព្វាវុធ និងការបង្កើនការវាយប្រហារ ពីរុស្ស៉ី។
ក្នុងពេលនោះដែរ មេដឹកនាំ NATO មិនបានកំណត់ពីកាលបរិច្ឆេទ ជាក់លាក់សម្រាប់អ៊ុយក្រែនចូលរួមក្នុងប្លុកយោធាមួយនេះនោះទេ ប៉ុន្តែមេដឹកនាំនៃក្រុមប្រទេស G7 បានសន្យាផ្ដល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខ រយៈពេលយូរអង្វែង។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ ចក្រភពអង់គ្លេស ក៏បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែនផងដែរ ខណៈទីក្រុងកៀវកំពុងស្ថិតក្នុង កិច្ចចរចាជាមួយបណ្ដាប្រទេសជាច្រើនផ្សេងទៀត ហើយនៅក្រោមកិច្ចព្រមព្រៀងបែបនេះនឹងមានរួមបញ្ចូលទាំងការផ្ដល់បរិក្ខារយោធាទំនើបៗ និងការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន៕