លោក Antonio Guterresបង្ហាញឆន្ទៈចង់ឃើញភាគីរុស្ស៊ី និងអ៊ុយក្រែន ជួបសន្ទនាគ្នាដើម្បី បញ្ចប់សង្រ្គាម
ភ្នំពេញ៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការចង់ឃើញភាគីរុស្ស៊ី និងអ៊ុយក្រែន ជួបសន្ទនាគ្នាដើម្បី បញ្ចប់បញ្ហាភាពតានតឹងដាក់គ្នា។ការបញ្ជាក់របស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ក្នុងសន្និសីទសារ ព័ត៌មាន ក្រោយ ឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Antonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ចង់ឃើញមានការបង្កើតនូវលក្ខខណ្ឌផ្សេងៗ សម្រាប់ការសន្ទនារវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីបញ្ចប់បញ្ហា ដែលកើតមានឡើង និងឈានទៅរកសន្ដិភាពសម្រាប់ប្រទេសទាំងពីរ។
លោក Antonio Guterres បានលើកឡើងថា ឯកឧត្តមបានមើលឃើញទៀតថា អ្វីដែលបានកើតមាន ឡើងនៅអ៊ុយក្រែន គឺជាការបំពាននូវធម្មនុញ្ញបូរណភាពទឹកដី របស់ប្រទេសមួយ។ ក្នុងនោះអគ្គលេខាធិការ ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលបានកើត ឡើងនៅអ៊ុយក្រែន គឺជាការបំពានធម្មនុញ្ញបូរណភាពទឹកដី។ វាមានសារៈសំខាន់ណាស់ក្នុង ការបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនា ហើយចាប់ផ្តើមសម្លឹងមើលទៅ អនាគត ដើម្បីសន្តិភាព»៕