ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសស្វាគមន៍ និងគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន ក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល វារីអគ្គិសនីនៅប្រទេសកម្ពុជា ។

ក្នុងឱកាសចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៦ តុលា នៅប៉េកាំង លោក ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) បានជម្រាបជូន សម្តេចធិបតី អំពីប្រវត្តិសាវតាររបស់ ក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយផ្តោតលើអាជីវកម្មក្នុងវិស័យធំៗចំនួនបី គឺ៖ ផ្នែកផលិតកម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុងមានគម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវក្តីរីករាយចំពោះ ជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Genertec International Holding Co., Ltd. នាឱកាសថ្ងៃនេះ និងបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល ព្រមជាមួយនឹងក្តីសង្ឃឹមថា ក្រុមហ៊ុនអាចនឹងបន្តពង្រីកការវិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានជំនាញ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ