អាមេរិក៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីទទួលស្គាល់ ការគ្រប់គ្រងរបស់រុស្ស៊ី លើតំបន់ Crimea របស់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ដ៏ទូលំទូលាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

សារព័ត៌មាន Bloomberg ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងពីបញ្ហាខាងលើ ហើយជាសញ្ញាចុងក្រោយបំផុតមួយបញ្ជាក់ពីចេតនារបស់លោក ដូណាល់ ត្រាំ ក្នុង ការព្យាយាមសម្រេចឱ្យបាននូវបទឈប់បាញ់មួយ និងកើតឡើងខណៈប្រធានាធិបតីអាមេរិករូបនេះ និងរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោក Marco Rubio បានបង្ហើបកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោកនឹងបោះបង់ចោលកិច្ចប្រឹងប្រែងសម្របសម្រួលកិច្ចចរចាស្វែងរកសន្តិភាព ប្រសិនបើមិនមានភាពរីកចម្រើនទេនោះ។

រុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បើទោះជាអន្តរជាតិនៅតែទទួលស្គាល់ថាឧបទ្វីបមួយនេះជាផ្នែកមួយនៃទឹកដីរបស់អ៊ុយក្រែនក៏ដោយ។ ដូច្នេះការសម្រេចចិត្ត ណាមួយដើម្បីទទួលស្គាល់តំបន់គ្រីមៀ នឹងបំផ្លាញដល់ច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាដែលប្រឆាំងនឹងការឈ្លានពាន ឬការដណ្ដើមកាន់កាប់ទឹកដីតាមរយៈការប្រើប្រាស់កម្លាំងបាយ។

 ម្យ៉ាង ការទទួលស្គាល់ក៏នឹងក្លាយជាអំណោយដ៏ធំមួយសម្រាប់លោក ពូទីនផងដែរ ដែលបានប្រឹងប្រែងជាយូរណាស់មកហើយក្នុងការស្វែងរកការទទួលស្គាល់អធិបតេយ្យរុស្ស៉ីលើតំបន់គ្រីមៀ ជាលក្ខណៈអន្តរជាតិ។

តែទោះជាបែបនេះក្ដី ប្រភពដែលបានដឹងអំពីបញ្ហាខាងលើ បានប្រាប់សារព័ត៌មាន Bloomberg ថាការសម្រេចចិត្តចុងក្រោយនៅមិនទាន់ធ្វើឡើងនៅឡើយទេ។ ចំណែកខាងសេតវិមាន និងក្រសួងការបរទេសអាមេរិក ក៏មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយនោះដែរ។

គួរបញ្ជាក់ថា រុស្ស៉ីបានទទូចថាតំបន់គ្រីមៀ ព្រមទាំងទឹកដីមួយផ្នែកធំនៃតំបន់ចំនួន៤ ដូចជា Zaporizhzhia, Kherson, Luhansk និងតំបន់ Donetsk គួរតែត្រូវបានទទួលស្គាល់ជាទឹកដីរុស្ស៉ី នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ