អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ពណ៌ក្រហមមួយគ្រឿង ហើយបានទទួលយកវានៅក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯខាងក្រៅសេតវិមាន ដោយមានការចូលរួមពីសំណាក់ មហសេដ្ឋីមានដាច់គេលើលោក Elon Musk ផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

ជុំវិញការទិញរថយន្ត Tesla របស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការគាំទ្រចំពោះក្រុមហ៊ុន Tesla ក្រោយពីមានការធ្វើពហិការ និងការរិះគន់យ៉ាងច្រើន ពាក់ព័ន្ធទៅនឹងមុខតំណែងរបស់ស្ថាបនិកក្រុមហ៊ុន លោក Elon Musk នៅក្នុងអង្គភាពប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ហៅកាត់ DOGE ដែលទទួលបន្ទុកលើការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងបុគ្គលិកនៅទូទាំងទីភ្នាក់ងាររដ្ឋនានា។ 

គួរឲ្យដឹងផងដែរថា រថយន្ត Tesla ដែលលោក ត្រាំ បានទិញនោះ គឺរថយន្ត Tesla Model S ពណ៌ក្រហម ខណ:លោកប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា ៖”មូលហេតុចម្បងដែលខ្ញុំទិញរថយន្តនេះ គឺដោយសារតែវាគឺជាផលិតផលដ៏អស្ចារ្យ ជាផលិតផលដែលល្អបំផុត និងផលិតដោយ Elon Musk ដែលគាត់បានលះបង់អស់ពីចិត្ត និងជីវិតរបស់គាត់ ដើម្បីធ្វើការអភិវឌ្ឍវា”។

បន្ថែមលើនេះ លោក ត្រាំ បាននិយាយទៀតថា លោកនឹងមិនសាកល្បងបើកបររថយន្តនេះ ដោយខ្លួនឯងនោះទេ ព្រោះថាតំណែងជាប្រធានាធិបតីមិនត្រូវបានអនុញ្ញាតឲ្យបើកបរដោយផ្ទាល់នោះឡើយ ផ្ទុយទៅវិញ បុគ្គលិកសេតវិមាន រួមទាំងទីប្រឹក្សាទំនាក់ទំនងលោក Margo Martin និងជាអ្នកបើកបររថយន្ត Tesla នេះជូនលោកវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ