អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កំពុងស្ថិតនៅមន្ទីរឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានត្រូវគេប្រគល់កាលពីថ្ងៃពុធទៅឱ្យមន្ទីរឃុំឃាំងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីការចាប់ខ្លួនលើដីកាដែលចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អតីតប្រធានាធិបតីអាយុ៧៩ឆ្នាំរូបនេះបានទៅដល់ចំណតអាកាសយានដ្ឋាន Rotterdam ក្រុងឡាអេប្រទេសហូឡង់ កាលពីព្រឹកថ្ងៃពុធតាមជើងហោះហើរពីទីក្រុងម៉ានីល បន្ទាប់ពីការចាប់ខ្លួន ។ ក្រុមអង្គការសិទ្ធិមនុស្សនិងក្រុមគ្រួសារជនរងគ្រោះបានសរសើរការចាប់ខ្លួនលោក Duterte នេះ។
ក្នុងពេលប៉ុន្មានថ្ងៃនេះ លោកនឹងត្រូវបង្ហាញខ្លួនមុនដំបូងនៅជាទីកន្លែងដែលតុលាការ និងកំណត់កាលបរិច្ឆេទសម្រាប់សវនាការដើម្បីវាយតម្លៃថា តើពួករដ្ឋអាជ្ញាមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនលោកទៅកាត់ទោសពេញលេញដែរឬទេ។
ប្រសិនបើរឿងក្តីរបស់លោកទៅតុលាការហើយត្រូវបានកាត់ឱ្យជាប់ទោស លោក Duterte អាចប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត។ យន្តហោះតូចមួយគ្រឿងដែលដឹកលោក Duterte អាចត្រូវគេមើលឃើញនៅពេលដែលវាបានបើកទៅមុខយឺតៗចូលក្នុងរោងមួយ ជាទីកន្លែងដែលរថយន្តក្រុង២គ្រឿងកំពុងរង់ចាំ។ រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងក៏បានបើកទៅជិតរោងដាក់យន្តហោះនោះដែរ ហើយមានបុគ្គលិកពេទ្យបានស្ថិតនៅខាងក្នុងនោះ៕