លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមនៅកម្ពុជា សំដៅចូលរួមថែរក្សាសន្ដិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាព «ពិធីបិទការប្រឡងសូធ្យលើកទី៣១ និង ប្រឡងចាំមាត់លើកទី៥ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤»។ ពិធីនេះត្រូវបានធ្វើឡើងនៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបង្ហាញមោទនភាព និងសេចក្តីសោមនស្សក្រៃលែង ដោយពិធីសូធ្យគម្ពីរអាល់គួរអានុលការីមថ្ងៃនេះ ប្រព្រឹត្តឡើងក្រោមប្រធានបទ «ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» ដែលប្រធានបទនេះពិតជាបានឆ្លុះបញ្ចាំង និងស្របតាមគោលនយោបាយ ឆន្ទៈ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។
បន្ទាប់ពីថ្លែងវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសាសនាឥស្លាមគ្រប់ជាន់ថ្នាក់ និងក្រសួងធម្មការ និងសាសនា ដែលជួយជ្រោមជ្រែង ក្នុងការរៀបចំដំណើការនេះ, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចែករំលែកនូវទស្សនាទាន និងផ្ដល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
-គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ត្រូវបន្តស្មារតីនៃការថែរក្សា និងលើកកម្ពស់សុខដុមនីយកម្មជាតិ និងសាសនា សាមគ្គីភាព ភាតរភាព ក្នុងចំណោមឥស្លាមសាសនិក ក៏ដូចជាក្នុងចំណោមប្រជាជនខ្មែរទាំងអស់ ដើម្បីបន្តថែរក្សាមោទនភាពជាតិ ដែលកម្ពុជាមិនមានជម្លោះជាតិសាសន៍ ឬជម្លោះសាសនា និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកដោយចីរភាពជានិច្ចនរន្តរ៍។
- គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវគោលការណ៍ធម៌សំខាន់ៗ ដែលបានដកស្រង់ចេញពីគម្ពីរអាល់គួរអាន ប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ ទស្សនាទានរបស់ឥស្លាមសាសនិកវិទូនានា និងបទពិសោធប្រវត្តិសាស្ត្រន ឥស្លាមសាសនិកក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយត្រូវមានគោលការណ៍ណែនាំច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការជំរុញ យន្តការ បង្ការ ទប់ស្កាត់ ឈានដល់ការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុង សហគមន៍ឥស្លាមសាសនិក ស្របតាមប្រធានបទរបស់យើងនៅថ្ងៃនេះគឺ៖ «សាសនាឥស្លាម ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» និង ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល «ចូលរួមទាំងអស់គា្ន ដើម្បីជិវិត និងសហគមន៍គ្មានគ្រឿងញៀន»។
- សូមឥស្លាមសាសនិកទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីប្រែក្លាយខ្លឹមសារដ៏ពិសិដ្ឋនិងមានអត្ថន័យរបស់គម្ពីរអាល់គួរអាន និងប្រសាសន៍របស់ ព្យាការីមូហាំម៉ាត់ ឲ្យទៅជាសកម្មភាពពិតជាក់ស្ដែង ដើម្បីជាគុណតម្លៃដ៏ល្អផូរផង់ និងជាសីលធម៌ សង្គម ព្រមទាំងត្រូវរួមសហការគ្នា ប្រកបដោយសាមគ្គីធម៌ និងភាតរភាព ក្នុងការចូលរួមបង្ការ ទប់ស្កាត់ លុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ដើម្បីកសាងបានសហគមន៍ សុខសាន្ត ប្រកបដោយសុខសុវត្ថិភាព និងភាពសុខដុមរមនា។
- គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា អង្គការ សមាគម សប្បុរសជននានា សូមបង្កើនសកម្មភាពសង្គមតាមរយៈកិច្ចការងារមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាព ជាប្រយោជន៍នានា ដោយឈរលើគោលការណ៍គោរពរដ្ឋធម្មនុញ្ញ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍គ្រឹះនៃជំនឿសាសនារបស់ខ្លួន៕