កងកម្លាំងរថក្រោះរបស់អ៊ីស្រាអែលវាយសម្រុកចូលទៅដល់ ទីក្រុង Khan Younis ភាគខាងត្បូង នៃតំបន់ហ្កាហ្សា
អ៊ីស្រាអែល៖ កងកម្លាំងរថក្រោះរបស់អ៉ីស្រាអែល បានវាយសម្រុកចូលទៅដល់បេះដូងនៃទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូង នៃតំបន់ ហ្កាហ្សាហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា ចំនួនជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់ក្នុងសង្រ្គាមដ៏បង្ហូរឈាមសព្វថ្ងៃកើនដល់ជាង ១៨,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
ប្រជាជនប៉ាឡេស្ទីន រស់នៅក្នុងទីក្រុង Khan Younis បាននិយាយថារថក្រោះអ៉ីស្រាអែលបានចូលទៅដល់ផ្លូវសំខាន់ៗនៅភាគខាងជើង និងភាគខាងត្បូងនៃទីក្រុងមួយនេះ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដែលបានបង្អាក់ដំណើរទៅមុខរបស់កងទ័ពអ៉ីស្រាអែល វាយលុកចេញពីភាគខាងកើត។ ចំណែក យន្ដហោះចម្បាំងអ៉ីស្រាអែលវិញបាន និងកំពុងវាយប្រហារតាមផ្លូវអាកាសលើភាគខាងលិច នៃទីក្រុង Khan Younis។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក៏បានអះអាងដែរថាក្រុមអ្នកប្រយុទ្ធហាម៉ាសជាច្រើននាក់បានទម្លាក់ អាវុធសុំចុះចាញ់ ហើយលោកបានជំរុញឱ្យក្រុមអ្នកប្រយុទ្ធហាម៉ាសផ្សេងទៀតធ្វើដូចគ្នានេះដែរ។ ប៉ុន្តែ ក្រុមហាម៉ាសបានបដិសេធការអះអាងនេះ ដោយចាត់ទុកថាជាព័ត៌មានក្លែងក្លាយ និងគ្មានមូលដ្ឋាន៕