បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យជ្រៃ ១ខ្នង ២ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានលើកឡើងថា ក្នុងនាមរដ្ឋបាលស្រុក សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកថ្មគោលទាំងមូល សូមសម្ដែងនូវការដឹងគុណដោយស្មោះ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកសាងអគារសិក្សា វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ ផ្លូវគ្រួសក្រហម ប្រឡាយ ទំនប់ច្រើនខ្វាត់ខ្វែងក្នុងស្រុកថ្មគោល។

លើសពីនេះ លោក អភិបាលស្រុក បានឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២នេះ រដ្ឋបាលគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរមូលដ្ឋានបានពង្រឹងការពារថែរក្សា នូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាមួយនឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពធ្វើឱ្យសន្តិសុខសណ្តាប់ធ្នាប់ទូទាំងស្រុក មានភាពល្អប្រសើរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ