សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា តាមរយៈការតស៊ូទាមទារយកឯករាជ្យភាពពីបារាំងសម្រាប់កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ តាមរយៈជោគជ័យ នៃការទាមទារឯករាជ្យពេញបរិបូរជូនជាតិមាតុភូមិរបស់ព្រះអង្គ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងបន្ថែមថា ក្រៅពីការទាមទារយកឯករាជ្យភាពពេញបរិបូរជូនជាតិ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក៏ជាតួអង្គសំខាន់នៅក្នុងការជំរុញឱ្យមានសាមគ្គី ភាពអន្តរជាតិ នៃបណ្ដាប្រទេសមិនចូលបក្សសម្ពន្ធផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ស្នាព្រះហស្តរបស់សម្ដេចព្រះបរមរតនកោដ្ឋ ត្រូវបានអ្នកជំនាន់ក្រោយបន្តថែរក្សាជាប់ជានិច្ច ជាពិសេសព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្ដេជ្ញាចិត្តរក្សាថែឯករាជ្យភាព និងសន្តិភាពសម្រាប់កម្ពុជាឱ្យបានជានិរន្តរ៍ និងអង្វែងយូរតទៅទៀត ដើម្បីកម្ពុជាកាន់តែរីកចម្រើន៕