ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឃាត់ខ្លួនទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ កាលពីថ្ងៃពុធ ដោយចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ ដោយគេរកឃើញថា រដ្ឋមន្រ្តីរូបនោះបានធ្វើឱ្យបាត់បង់លុយរដ្ឋប្រមាណជាកន្លះពាន់លានដុល្លារអាមេរិក។

លោក Johnny G Plate គឺជារដ្ឋមន្រ្តីលំដាប់ទី៥ក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតីចូកូវីដូដូ ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ។កាលពីពេលថ្មីៗកន្លងមកនេះក៏មានការឃាត់ខ្លួន និងកាត់ឱ្យជាប់ពន្ធនាគារលើរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងជលផលផងដែរ ពីបទប្រព្រឹត្តិអំពើពុករលួយកាលពីឆ្នំា២០២១ ។

ការិយាល័យអគ្គរដ្ឋអាជ្ញា (AGO) បានលើកឡើងថា លោក ចននី ត្រូវគេឃាត់ខ្លួនដោយសារតែរូបលោកមានការជាប់ពាក់ព័ន្ធនឹងនីតិវិធីលទ្ធកម្ម នៃការទិញសម្ភារៈដើម្បីយកមកសាងសង់ប៉មទូរគមនាគមន៍រាប់ពាន់ទីតំាងសម្រាប់ដំណើរប្រព័ន្ធអ៊ីនធឺណែតសម្រាប់អ្នកស្រុកប្រើប្រាស់ នៅក្នុងក្រសួងរបស់លោកកាលពីឆ្នំា២០២០កន្លងទៅ ។


ការិយាល័យរដ្ឋអាជ្ញាបានរកឃើញថា រដ្ឋមន្រ្តីរូបនោះបានប្រើប្រាស់ថវិកាជាតិខុសប្រក្រតីដែលនំាឱ្យបាត់បង់ច្រើន ខណៈដែលក្រសួងទូរគមនាគមន៍បានលើកឡើងឆ្លើយតបទៅនឹងការឃាត់ខ្លួនលោករដ្ឋមន្រ្តីថា នីតិវិធីលទ្ធកម្ម (ដាក់ឱ្យដេញថ្លៃ) នោះមានឯកសារច្បាស់លាស់ និងស្ថាប័ននីតិកម្មបានចូលរួមផងដែរអំឡុងពេលនៃដំណើរការលទ្ធកម្ម ។

ស្ថិតនៅក្នុងបរិការណ៍នេះដែរ ខុទ្ទកាល័យរបស់លោកប្រធានាធិបតី ចូកូវីដូដូ បានលើកឡើងថា ជាច្រើនលើកច្រើនគ្រាណាស់មកហើយ ដែលលោកប្រធានាធិបតីបានក្រើនរំលឹកដល់រដ្ឋមន្រ្តីនិងមន្រ្តីក្រោមឱវាទទំាងឡាយ ត្រូវតែធ្វើការងារដោយប្រុងប្រយ័ត្ននិងមានមនសិការការងារខ្ពស់ ប្រាសចាកអំពើអាក្រក់ ។

ដោយយោងតាមអង្គការតម្លាភាពអន្តរជាតិដែលជាស្ថាប័នតាមឃ្លំាមើលរឿងអំពើពុករលួយសកលបានបង្ហាញទិន្នន័យថា ប្រទេសឥណ្ឌូណេស៊ីបានទម្លាក់ចំណាត់ថ្នាក់រហូតដល់ទៅ៤ខ្ទង់នៅលើសន្ទទស្សន៍បង្ហាញអំពីអំពើពុករលួយកាលពីឆ្នំាមុនមកនៅត្រឹមលំដាប់លេខរៀង១១០ ក្នុងចំណោមក្រុមប្រទេសចំនួន១៨០ផ្សេងទៀតនៅក្នុងពិភពលោក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ