ម៉ាឡេស៊ី៖ លោកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះ ត្រូវបានតុលាការរកឃើញថាមានទោសពីបទពុករលួយ។ នេះបើ​តាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី Rosmah Mansor អាយុ៧០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់ចំនួន 187.5 លានរីងហ្គីត (ប្រហែល 41.9 លានដុល្លារអាមេរិក) ពីអ្នកម៉ៅការសំណង់ Saidi Abang Samsudin ក្នុងឆ្នាំ២០១៦ និង២០១៧ ដូច្នេះក្រុមហ៊ុន Jepak Holdings របស់គាត់អាចទទួលបានគម្រោ​ងរដ្ឋា​ភិបាលដែលមានតម្លៃទឹកប្រាក់ចំនួន 1.25 ពាន់លានរីងហ្គីត ដើម្បីផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យចំនួន 369 ទៅតាមសាលារៀនទីជនបទ ក្នុងរដ្ឋ Sarawak

លោកស្រីក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកសរុបជាទឹកប្រាក់ចំនួន 6.5 លានរីងហ្គីតពី Saidi នៅឯគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ហើយបន្ទាប់មកនៅឯគេហដ្ឋានឯកជនរបស់លោកស្រី ក្នុងទីក្រុងគូឡាឡាំពួរ ចន្លោះខែធ្នូ ឆ្នាំ២០១៦ និងខែកញ្ញា ឆ្នាំ២០១៧ ផងដែរ។

 

ក្នុងការប្រកាសសាលក្រមនេះ ចៅក្រមនៃតុលាការកំពូលលោក Mohamed Zaini Mazlan បាននិយា​យថា “អយ្យការទទួលបានភាពជោគជ័យក្នុងការបង្ហាញ​រឿងក្តីរបស់ខ្លួន​លើសពីការសង្ស័​យសមហេ​តុផល។ ជនជាប់ចោទត្រូវបានរកឃើញថាមានកំហុសក្នុងបទចោទទាំងបី”។ជុំវិញការប្រកា​សសា​លក្រមរបស់តុ​លាការ លោកស្រី Rosmah បានបង្ហាញការសោកស្តាយ ដោយលើកឡើងថា “សម្រា​ប់ខ្ញុំ បន្ទប់សវនាការគឺជាកន្លែងដែលយើងទទួលបានយុត្តិធម៌។

ខ្ញុំតែងតែប្រាប់មេធាវីរបស់ខ្ញុំឱ្យនិយាយការពិត និងកុំកុហក”។ លោកស្រីបញ្ជាក់ទៀតថា លោកស្រីមិនដែលទារលុយពីនរណាម្នាក់ទេ។

 

តុលាការបានចាប់ផ្តើមលើសំណុំរឿងរបស់លោកស្រី Rosmah Mansor នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយបានបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីការកាត់ក្តីរយៈពេល ៤២ថ្ងៃ។ ប៉ុន្តែដំណើរការនៃការប្រកាសសាលក្រមត្រូវបានពន្យារពេល ដោយសារបញ្ហាសុខភាពរបស់លោកស្រី Rosmah និងសាក្សីមួយរូបដែលត្រូវបានដាក់ឱ្យតាមដាននៅផ្ទះ ដោយសារឆ្លងជំងឺកូវីដ១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ