ភ្នំពេញ  ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុប, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ និងប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុប ឲ្យបន្តគោរពបទបញ្ញត្តិប្រឡងមានជាធរមាន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា សូមគោរពផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុប, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖  បន្តអនុវត្តតាមផែនការបុគ្គល ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា,  បន្តគោរពបទបញ្ញត្តិប្រឡងមានជាធរមាន, អនុវត្តន៍វិធានសុខាភិបាល, និងគោរពច្បាប់ចរាចរណ៍,  បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ,  បន្តញាំឲ្យគ្រប់ គេងឲ្យគ្រាន់ និងទឹកឲ្យក្រែល,  តាំងស្មារតីឲ្យស្ងប់តាមរយៈវិធីផ្សេងៗ រួមមានការតាំងសមាធិ។

ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងមណ្ឌលប្រលង លោកគ្រូ អ្នកគ្រូ មាតាបិតា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានបន្តចូលរួម លើកកម្ពស់គុណភាពប្រលងបាក់ឌុប និងបានចូលរួមគាំទ្រដំណើរការរៀបចំការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ-១៩។ 

សូមបញ្ជាក់ថា  សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ