ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ប្រឆាំងការរើសអើង នូវការបែងចែកក្នុងចំណោមប្រជាពលរដ្ឋកាន់សាសនា ខុសៗគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឱ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាពផងដែរ។

ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី កសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានឱ្យដឹងថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះ ក៏ជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។


សម្ដេច បន្ដថា ពិសេស បានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗ ជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សា សន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ។

សម្ដេច បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឲ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ