អាម៉េរិក៖ ក្រុមហ៊ុន E-commerce eBay Inc បានគូសបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ បុគ្គលិកចំនួន ៥០០ នាក់នៅទូទាំងពិភពលោក ដែលតំណាងឱ្យ៤ ភាគរយនៃកម្លាំងការងារសរុប របស់ខ្លួន។ ភាគហ៊ុនរបស់ក្រុមហ៊ុន San Jose រដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងប្រហែល១ ភាគរយនៅ ក្នុងការជួញដូរក្រោយទីផ្សារ។
លោក Jamie Iannone នាយកប្រតិបត្តិនៃ Ebay បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា "ការ ផ្លាស់ប្តូរនេះផ្តល់ឱ្យយើងនូវកន្លែងបន្ថែមក្នុងការវិនិយោគ និងបង្កើតតួនាទីថ្មីនៅក្នុងតំបន់ដែល មាន សក្តានុពលខ្ពស់ បច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិតរបស់អតិថិជន និងទីផ្សារសំខាន់ៗ" ។
ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនជាបន្តបន្ទាប់គិតចាប់តាំងពីចុងឆ្នាំ២០២២ ចូលដល់ឆ្នាំ២០២៣ នេះមកមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនបានធ្វើការបង្ខំចិត្តកាត់បុគ្គលិករបស់ខ្លួនអស់រាប់ម៉ឺននាក់។ ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានធ្វើការបញ្ឈប់បុគ្គលិកអស់ប្រមាណ ១១០០០នាក់ ដែលស្មើនឹងប្រមាណ ១៣% នៃបុគ្គលិកសរុបរបស់ខ្លួន ដើម្បីរៀបចំក្រុមហ៊ុនឡើងវិញ៕