កងយោធាជើងទឹកស្រីលង្កាជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០នាក់នៅក្បែរតំបន់ឆ្នេរភាគខាងជើងនៃមហាសមុទ្រឥណ្ឌា
ស្រីលង្កា៖ កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កាបានជួយសង្គ្រោះជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាជនភៀសខ្លួនសរុបចំនួន ១០៤ នាក់ នៅក្បែរតំបន់ឆ្នេរភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ខណៈដែលពួកគេព្យាយាមដំណើរតាមទូកប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់ដែនសមុទ្រសំដៅទៅកាន់ទឹកដីរបស់ប្រទេសម៉ាឡេស៊ី ដើម្បីគេចចេញពីបញ្ហាជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រីលង្កានៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន។
ទូកក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាខាងលើ ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រពីឆ្នេរសមុទ្រ និងត្រូវបានក្រុមការងារជួយសង្គ្រោះនៃឆ្មាំការពារដែនសមុទ្ររបស់ស្រីលង្កាធើ្វការសណ្ដោងចូលមកកាន់កំពង់ផែនដើម្បីសុវត្ថិភាពកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
គួរបញ្ជាក់ថា ចាប់តាំងពីប្រឈមទៅនឹងការធើ្វទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ាមក បូករួមទាំងលក្ខណៈការរស់នៅតាមតំបន់ជុំរំជនភៀសខ្លួន ខណៈបញ្ហាមនុស្សធម៌កាន់តែមានសភាពលំបាកខ្លាំងទៅៗ បានធើ្វឱ្យជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាកាន់តែច្រើនឡើងប្រថុយប្រថាននឹងគ្រោះថ្នាក់ធើ្វដំណើរតាមទូកនេសាទ ធ្លងកាត់មហាសមុទ្រ៕