កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា វិស័យឯកជន មិនមែនជាសត្រូវរបស់រដ្ឋឡើយ ប៉ុន្តែគឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបានផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី បានលើកទឹកដល់ក្រុមហ៊ុនឯកជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាដៃគូ គឺជួយគិត គឺជួយធ្វើ។ លើសពីនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសជាង ១លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញ នាពេលខាងមុខនេះ។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «វិស័យឯកជន មិនមែនជាសត្រូវរបស់រដ្ឋទេ វិស័យឯកជនជាដៃគូដ៏ល្អរបស់រដ្ឋ ព្រោះទាំងអស់គ្នា គឺរួមគ្នាដើម្បីបង្កើតការងារ បង្កើតផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង អញ្ចឹងត្រូវរួមគ្នាធ្វើ រួមទាំងការគិតគូរអំពីអត្ថប្រយោជន៍អំពីជីវភាពរស់នៅ»៕EB