មន្ត្រីចរាចរណ៍ ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានដកមកបញ្ឈរជើង បន្ទាប់ពីឃាត់រថយន្ដនៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង នៅស្ពានអាកាស ៥មករា
ភ្នំពេញ ៖ មន្ត្រីចរាចរណ៍ ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិក បន្ទាប់ពីឃាត់រថយន្ដ នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង នៅស្ពានអាកាស ៥មករា នាពេលថ្មីៗនេះ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ដថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ដូច្នេះមន្ត្រីចរាចរណ៍ចំនួន ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕EB