ជប៉ុន ផ្តល់ឥណទានសម្បទានជាង ១៨លានដុល្លារ សម្រាប់អនុវត្ត គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២»។
ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
សូមបញ្ជាក់ថា ការផ្តល់ឥណទានខាងលើនេះ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕EB