នាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ លោក អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេប ជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលអំពីសមទ្ធិផល និងវឌ្ឍនភាពរបស់ក្រុមប្រឹក្សានីតិកម្មក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយលោក មានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រុមប្រឹក្សានីតិកម្ម បានអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយ បានតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ថិតនៅក្រោមក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នដទៃទៀត ដោយសម្រេចបានច្បាប់ចំនួន៩ ច្បាប់ស្តីពីវិសោធនកម្ម ចំនួន២ ព្រះរាជក្រឹត្យចំនួន២ អនុក្រឹត្យចំនួន៩ និងប្រកាសចំនួន៩ ។

ជាមួយគ្នានោះដែរ លោក ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម និងតំណាងមន្ត្រីរាជការទើបទទួលការតែងតាំងថ្មី បានសម្តែងនូវគារវកិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ថ្លៃថ្លាក្នុងការរួមចំណែកបំពេញបេសកកម្ម និងតួនាទី ភារកិច្ចនេះ។ ក្នុងនោះ លោកបង្ហាញការបេ្តជ្ញាចិត្តគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកដោយវិជ្ជាជីវៈតម្លាភាព និងគណនេយ្យភាពក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។

ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សម្តែងនូវការអបអរសាទរដល់ លោករដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាន និងសមាជិកក្រុមប្រឹក្សានីតិកម្ម ដែលទើបតែងតាំងថ្មីនៅពេលនេះ សម្តេចក្រឡាហោម បានបង្ហាញជំនឿយ៉ាងមុតមាំថា រដ្ឋលេខាធិការ ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សានីតិកម្ម នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំ និងចង្អុលបង្ហាញដល់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃដែលទើបតែងតាំងថ្មីថា ក្រសួងមហាផ្ទៃមានតួនាទីក្នុងការតាក់តែងច្បាប់សម្រាប់ក្រសួងផ្ទាល់ផង ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏មានការចូលរួមចំណែកក្នុងតាក់តែងច្បាប់ជាមួយអន្តរក្រសួងលើច្បាប់នានាក្នុងក្របខណ្ឌរាជរដ្ឋាភិបាលដែលនេះជាតួនាទីសំខាន់ណាស់សម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ