ភ្នំពេញ ៖ កម្ពុជានឹងចាប់ផ្តើមនាំចេញអង្ករជាលើកដំបូងទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ក្នុងបរិមាណចំនួន ៤.០០០ តោននាពេលដ៏ខ្លីខាងមុខនេះ ដែលការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តេ ជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងរវាងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្តេ (National Logistic center)។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសប្រទេសទីម័រលេស្តនេះ គឺកើតចេញពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនាការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេចធិបតី តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានកាន់តែច្រើន ជាក់ស្ដែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់។

ស្ថិតក្រោមទស្សនៈវិស័យដ៏វែងឆ្ងាយ ត្រឹមត្រូវរបស់សម្ដេចធិបតី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការបានរៀបចំការធ្វើប្រជុំពិភាក្សារជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្តេ ដែលដឹកនាំដោយលោក Anibal Carvalho Martinez តំណាងជាន់ខ្ពស់ មកពីក្រសួងកិច្ចការសេដ្ឋកិច្ច និងសហការីមកពីមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្ម នៃប្រទេសទីម័រលេស្ត (National Logistic center) ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរហូតឈានដល់ការចុះកិច្ចសន្យាទិញ-លក់ និងគ្រោងធ្វើការនាំចេញនាពេលខាងមុខនេះក្នុងបរិមាណចំនួន ៤.០០០ តោន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ