ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល តាមប្រព័ន្ធវិដេអូ នាពេលនេះ លោក Wang Xiaohong សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការកណ្ដាលបក្សកុំម្មុយនិស្ដចិន (CPC) និងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈចិន បានប្រគល់មេដាយ (Great Wall Commemorative Medal) ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្នាក់មេដាយមាស ដែលជាមេដាយកិត្តិយសដ៏ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេសឈានមុខលំដាប់ពិភពលោក ដែលបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ សន្តិភាព និងស្ថិរភាពពិភពលោក។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំកម្ពុជា ចំនួន០២រូបទៀត ដែលទទួលបានមេដាយនេះដែរ រួមមាន៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់មេដាយមាស និងឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់មេដាយប្រាក់។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមសម្តេចផ្ទាល់ និងក្នុងនាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឧត្តមសេនីយ៍ឯក ឌី វិជ្ជា សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទកភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់ របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុជាតិ និងប្រជាជន។

សូមបញ្ជាក់ថា សន្និសីទលើកទី១ នៃវេទិកាសហប្រតិបត្តិការសន្ដិសុខសាធារណៈសកល (Liangyungang) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម ដែលមានអ្នកចូលរួមមកពី៤០ប្រទេស។ វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល (Liaryungang) គឺជាអង្គការមិនមែនរដ្ឋាភិបាល និងជាវេទិកាអន្តរជាតិមិនរកប្រាក់ចំណេញ ដែលបានរៀបចំឡើងជាទៀងទាត់នៅទីកន្លែងអចិន្ត្រៃយ៍មួយ។ វេទិកានេះ វាត្រូវបានតម្លើងកម្រិត និងប្រែក្លាយពីវេទិកា Lianyungang ដែលបានបើកដំណើរការដោយ ក្រសួងសន្តិសុខសាធារណៈចិន នៅឆ្នាំ២០១៥ ហើយមានគោលបំណងផ្តល់នូវវេទិកាបើកចំហ កាន់តែទំនើប និងយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្ដូរ និងការសម្របសម្រួលរវាងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ មន្ដ្រីនគរបាល អ្នកដឹកនាំអាជីវកម្ម និងក្រុមទីប្រឹក្សាជំនាញផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ