ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ព្រមទាំងសមាជិកក្រុមការងារពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក៏ដូចជាដើម្បីសិក្សាពីភាពចាំបាច់ និងឯកសារពាក់ព័ន្ធនានា ជាជំហានដំបូងក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលត្រូវប្រមូលចងក្រងក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់អន្តរក្រសួង ដើម្បីពិភាក្សាពិគ្រោះយោបល់គ្នា។

ជាមួយគ្នានោះ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា កន្លងមក មានក្រសួង ស្ថាប័ន មួយចំនួន បានចេញសេចក្តីប្រកាសដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់ភូមិសាស្ត្រនេះ ដោយស្វ័យអង្គភាពរៀងៗខ្លួន សម្រាប់បម្រើឱ្យផលប្រយោជន៍ និងការផ្តល់សេវារបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដែលធ្វើឱ្យការប្រើប្រាស់លេខកូដសម្គាល់នេះខុសៗគ្នា មិនមានភាពច្បាស់លាស់ និងមិនមានឯកសារគតិយុត្តផ្លូវការណាមួយ ឬមិនទាន់មានការណែនាំ ឱ្យប្រើប្រាស់ជាផ្លូវការដែលមានការឯកភាពគ្នារវាងក្រសួង-ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិនៅឡើយ ដែលធ្វើឱ្យមានការពិបាកក្នុងការរក្សាទិន្នន័យ។

លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធការរៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ គឺជាការងារចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធគ្រប់គ្រងមានស្តងដារតែមួយ ដោយមិនឱ្យមានការរៀបចំកំណត់ប្រើប្រាស់ខុសៗគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពិបាកក្នុងការប្រើប្រាស់ និងទទួលសេវា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ