នៅមិននៅ !!សណ្ឋាគារមួយនៅក្រុងព្រះសីហនុ យកព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ទៅដាក់តាំង លើរបងមើលទៅដូចជាអ្នកទោស ត្រូវអាជ្ញាធរចាត់វិធានការភ្លាមៗ
ជារឿងគួរឱ្យហួសចិត្តចំពោះសណ្ឋាគារមួយនៅក្រុងព្រះសីហនុ ដែលយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រជាទីសក្ការរបស់ប្រជាជាតិកម្ពុជា ទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។
មន្ត្រីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះថា នេតឈ័រ ឡាយហ៍ (Nature Life Hotel) មានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។បន្ទាប់ពីដឹងអំពីព័ត៌មាននេះ លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅសម្របសម្រួលឱ្យម្ចាស់សណ្ឋាគារដករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ចេញពីរបងទៅតម្កល់ទុក ឬដាក់តាំងបង្ហាញភ្ញៀវទេសចរឱ្យបានសមរម្យនៅផ្នែកខាងក្នុងសណ្ឋាគារវិញ ដើម្បីរក្សាឱ្យបាននូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរ។
ក្រោយទទួលបានការណែនាំ និងសម្របសម្រួលពីក្រុមមន្ត្រីខាងលើហើយ ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ក៏បានសុំការអភ័យទោស និងយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមមន្ត្រី ព្រមទាំងបានសន្យាថាមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ដូច្នេះទៀតឡើយ៕SP