ភ្នំពេញ ៖ លោក ជា វ៉ាន់ដេក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ សូមចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។

តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ជា វ៉ាន់ដេក បានជូនពរសិស្សានុសិស្សទាំងអស់ឲ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោករដ្ឋមន្ដ្រី បន្ដថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»។

បន្ថែមពីលើនេះ លោករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ក្មួយៗអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។ ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ