អាមេរិក៖មេដឹកនាំរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានប្រកាសព័ត៌មានលម្អិត អំពីវិ ធីសាស្រ្ដ ដែលអូស្រ្ដាលី នឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលបរមាណូ ក្រោមកតិកា សញ្ញាសន្ដិសុខសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្ហាញ អស់រយៈពេល១៨ខែជាលើកដំបូងមកនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeeraនៅទី១៤ ខែមីនា ឆ្នាំ២០២៣។

កតិកាសញ្ញាសន្ដិសុខត្រីភាគី ដែលស្គាល់ ថា AUKUS នេះ មានប្រទេសចំនួន៣ ជាសមាជិក រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី។ កិច្ចព្រមព្រៀងនេះ មានគោលបំណងរក្សាឲ្យបាននូវសេរីភាព និង បើកចំហ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រោមកិច្ចព្រមព្រៀង AUKUS នេះ អូស្រ្ដាលី នឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចំនួន៣គ្រឿង។


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Bidenនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ខណៈមេដឹកនាំទាំងនេះ បានជួបប្រជុំគ្នា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ អូស្រ្ដាលី ក៏នឹងមានជម្រើសទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន២គ្រឿងបន្ថែមទៀត ក្រោយពេលមានកិច្ចព្រមព្រៀងជាលើកដំបូង ដែលគ្រោង សម្រាប់ដើមទសវត្សរ៍ឆ្នាំ២០៣០។

បើតាមផែនការចេញផ្សាយ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានឲ្យដឹង ថា នៅដើមទសវត្សរ៍ ឆ្នាំ២០៣០ នឹងងរង់ចាំការយល់ព្រម ពីសភាអាមេរិក ហើយក្រុងវ៉ាស៊ីនតោន នឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Virginia-class ចំនួន៣ គ្រឿង មានតម្លៃប្រមាណ៣ពាន់លានដុល្លារ ទៅឱ្យប្រទេសអូស្ត្រាលី។


ជាមួយគ្នានេះ អូស្រ្ដាលី និង ចក្រភពអង់គ្លេស នឹងចាប់ផ្ដើមសាងសង់នាវាមុជទឹក ម៉ូដែលថ្មីជាមួយនឹងបច្ចេកវិទ្យា និង ការគាំទ្រ ពីសហរដ្ឋអាមេរិក។ រីឯចក្រភពអង់គ្លេស ត្រូវគេរំពឹង ថា បញ្ចេញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ សាងសង់ក្នុងប្រទេស ជាលើកដំបូង នៅចុងទសវត្សរ៍ ២០៣០ ខណៈអូស្ដ្រាលី នឹងបញ្ចេញនាវាមុជទឹកថ្មី ទៅឲ្យកងទ័ពជើងទឹករបស់ខ្លួន នៅដើមទសវត្សរ៍ ២០៤០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ