ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ទៅថ្ងៃអនាគតមិនឲ្យកូនខ្មែរ រស់នៅក្រោមរណបរបស់ប្រទេសណាមួយឡើយ ។

ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងបន្ទាប់ពីមានអ្នកខ្លះលើកឡើងថា ទំនាក់ទំនងជាមួយប្រទេសចិន នឹងធ្វើឲ្យកម្ពុជា ថ្ងៃណាមួយបាត់បងអធិបតេយ្យភាព ។ ពាក់ព័ន្ធការលើកឡើងនេះដែរ សម្ដេចបានតបវិញយ៉ាងខ្លីថា «កម្ពុជាចេះគិតហើយ» ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨,១០៤នាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ កញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «អ្នកខ្លះគេមកព្រមានខ្ញុំ គេថាទំនាក់ទំនងជាមួយចិន នឹងធ្វើឲ្យថ្ងៃណាមួយ កម្ពុជា បាត់បងអធិបតេយ្យភាព ខ្ញុំថាកម្ពុជាចេះគិតហើយ ខ្ញុំមានកូន កូនរបស់ខ្ញុំនឹងបង្កើត ខ្ញុំនឹងមានចៅ ចៅទួត ចៅលួតចៅលា រាប់សិបឆ្នាំតទៅមុខទៀត ខ្ញុំមិនចង់ឲ្យកូនខ្មែរខ្ញុំ ថ្ងៃណាមួយត្រូវបាត់អត្តសញ្ញាណ ឬមួយគេជាជនជាតិខ្មែរ នៅក្រោមរណប (បរទេស) ណាមួយទេ មិនអាចធ្វើបានទេ សម្ដេចតេជោ និងថ្នាក់ដឹកនាំយើងក៏ដូចគ្នា មិនឲ្យបាត់អធិបតេយ្យភាព ឯករាជ្យភាព»។

សម្ដេចធិបតី បន្តថា កម្ពុជាចូលប្រជុំជាមួយមិត្តបរទេស ក្នុងស្មារតីគោរពអធិបតេយ្យ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ស្មើមុខស្មើមាត់មិនថាប្រទេសតូចប្រទេសធំ ។ សម្ដេច ថា ប្រទេសតូចកម្ពុជា នៅអង្គុយទល់មុខប្រធានាធិបតីចិន ស៊ី ជីនពីង ទល់មុខប្រធានសភាចិន ទល់មុខនាយករដ្ឋមន្ត្រីចិន ជប៉ុន និងប្រធានាធិបតីកូរ៉េ ដើម្បីស្មើភាពគ្នា ចរចាក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ ដែលចេញទៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា សម្តេច ប្រឹងទាក់ម៉ូយមិនមែនត្រឹមតែក្នុងប្រទេសទេ គឺប្រឹងដល់ក្រៅប្រទេសទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយនៅចិន ជួបក្រុមអ្នកវិនិយោគជាច្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ