ក្នុងឆ្នាំ២០២០ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមកលើកម្មករនិយោជិត មានការថយចុះរហូតដល់ទៅ ៣១% ស្មើនឹង១៩០០ករណី
បើប្រៀបធៀបរវាងឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមកលើបងប្អូនកម្មករនិយោជិត មានការថយចុះរហូតដល់ទៅ ៣១% ស្មើនឹង ១៩០០ករណី។នេះបើតាមការលើកឡើងរបស់លោក ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ក្នុងកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅការងារអនុវត្ដបន្តរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្ដិសុខសង្គម។
លោក ព្រាប ច័ន្ទវិបុល ឱ្យដឹងថា បើប្រៀបធៀបរវាងឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមកលើបងប្អូនកម្មករនិយោជិត មានការថយចុះរហូតដល់ទៅ ៣១% ស្មើនឹង ១៩០០ករណី ដែលក្នុងនោះ អ្នករងរបួសសរុបចំនួន ៣០% ស្មើនឹង ២១៤០នាក់, អ្នកស្លាប់ចំនួន ៤៤% ស្មើនឹង ៨៨នាក់, អ្នករងរបួសធ្ងន់ចំនួន ២៧% ស្មើនឹង ៤០០នាក់, និងអ្នករងរបួសស្រាលចំនួន ៣០% ស្មើនឹង ១៦៥២នាក់ ។
លោកបានបញ្ជាក់ទៀតថា បើទោះបីជាមានការថយចុះនៃករណីគ្រោះថ្នាក់ចរាចរណ៍មកលើបងប្អូនកម្មករនិយោជិតក៏ពិតមែន ក៏ប៉ុន្តែក្រសួងស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃ ប.ស.ស. នៅតែបន្តការសហការគ្នាប្រកបដោយស្មារតីទទួលខុ សត្រូវខ្ពស់តាមរយៈ ការរៀបចំលិខិតបទដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ដល់អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិត អំពីច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឱ្យបានជោគជ័យនូវផែនការដែលបានគ្រោងទុក ស្របទៅនឹងគោលនយោបាយថ្នាក់ជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ក្នុងន័យកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាការស្លាប់ និងរងរបួសដល់កម្មករ ឱ្យថយមកកម្រិតទាបបំផុត ។
ក្នុងនោះលោក ក៏បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចណ៍ឱ្យបានត្រឹមត្រូវ និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលធ្វើដំណើរលើដងផ្លូវ ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករមិនត្រូវផ្ទុកចំនួនកម្មករលើសចំណុះ និងចូលរួមផ្លាស់ប្តូរពីការយករថយន្តដឹកទំនិញមកដឹកបងប្អូនកម្មករ ដោយប្រើប្រាស់រថយន្តដឹកអ្នកដំណើរមកជំនួសវិញ ។
ជាមួយគ្នានោះលោកជម្រុញឱ្យក្រុមការងារ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់រូបភាព ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលធ្លាក់មកលើកម្មករនិយោជិត និងដើម្បីចូលរួមអនុវត្តផែនការសកម្មភាព “សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕SP