អាមេរិក ៖ មន្ត្រីសេតវិមានបានបញ្ជាក់នៅថ្ងៃចន្ទទី៣ ខែមីនាថា សហរដ្ឋអាម៉េរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប៉ះទង្គិចពាក្យសម្តីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅក្នុងការិយាល័យប្រធានាធិបតីអាម៉េរិក (Oval Office)។

មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាម៉េរិកកំពុងផ្អាក និងពិនិត្យមើលជំនួយ ដើម្បីធានាថា ខ្លួនកំពុងរួមចំណែកដល់ដំណោះស្រាយបញ្ចប់សង្គ្រាម។ ការផ្អាកនេះនឹងមានរយៈពេលរហូតដល់មេដឹកនាំអ៊ុយក្រែនបង្ហាញពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះសន្តិភាព។

របាយការណ៍នេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកមិនបានពិភាក្សាអំពីការព្យួរជំនួយយោធាដល់អ៊ុយក្រែនទេ ប៉ុន្តែបានបន្ថែមថា លោក ហ្សេឡេនស្គី គួរតែដឹងគុណអាម៉េរិកឱ្យខ្លាំងចំពោះការគាំទ្រ។ 

បុរសចិត្តឆៅត្រាំបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អាម៉េរិកនឹងមិនអត់ធ្មត់យូរទៀតទេ។ ប្រធានាធិបតីអាម៉េរិកក៏បានបង្កើនការគំរាមកំហែងក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅឯសេតវិមានកាលពីថ្ងៃចន្ទ ដោយលើកឡើងថា លោក ហ្សេឡេនស្គី សល់ពេលមិនច្រើនទេ ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋធានីម៉ូស្គូ។

គួរជម្រាបជូនថា រដ្ឋធានីវ៉ាស៊ីនតោនបានសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោក ត្រាំ កាលពីថ្ងៃចន្ទបានព្រមានថាគាត់នឹងមិនមានភាពអត់ធ្មត់យូរជាងនេះជាមួយនឹងជំហររបស់លោក ហ្សេឡេនស្គី លើសង្រ្គាមជាមួយរុស្ស៊ី ខណៈដែលមេដឹកនាំអ៊ុយក្រែនបានប្រឆាំងនឹងការលើកឡើងនេះ ដោយបានអះអាងថាគាត់ចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ