ដោយមានការយកចិត្តទុកដាក់ពី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តពេលយប់ តាមដងផ្លូវជាតិលេខ ៥។
ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។នៅវេលាម៉ោង២៣ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។
ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់។
ជាលទ្ធផល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖ ១-ផ្ទាត់ សុផា ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ២-ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ដកហូតបានវត្ថុតាង ដាវ០១ ដើម ជំពាមកៅស៊ូ០១ ម៉ូតូ០១ គ្រឿង។ ចំពោះបក្ខពួកជនសង្ស័យចំនួន០៤ នាក់ ជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ជាមុខសញ្ញានៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕SP