អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ កាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ បានថ្កោលទោសប្រទេសថៃ ជុំវិញការបញ្ជូនជនជាតិអ៊ុយហ្គ័រយ៉ាងតិច៤០នាក់ ទៅកាន់ប្រទេសចិនវិញ ខណៈរដ្ឋធានីវ៉ាស៊ីនតោនអះអាងថា ពួកគេអាចប្រឈមមុខនឹងអំពើប្រល័យពូជសាសន៍។

តាមសេចក្តីថ្លែងការណ៍ ក្នុងនាមជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ប្រទេសថៃ អាម៉េរិកមានការព្រួយបារម្មណ៍ ចំពោះសកម្មភាពរបស់ថៃ ដែលមិនបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងអនុសញ្ញាអន្តរជាតិស្តីពីការការពារមនុស្ស។ ទង្វើនេះផ្ទុយទៅនឹងប្រពៃណីដ៏យូរអង្វែងរបស់ប្រជាជនថៃ ក្នុងការការពារជនងាយរងគ្រោះបំផុត និងមិនស្របនឹងការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការការពារសិទ្ធិមនុស្ស។ យើងជំរុញឱ្យរដ្ឋាភិបាលទាំងអស់ក្នុងប្រទេសនាៗរួមទាំងថៃដែលកំពុងតែមានវត្តមានជនជាតិអ៊ុយហ្គួរ ស្វែងរកការការពារកុំបង្ខំឱ្យជនជាតិ អ៊ុយហ្គួរ ត្រឡប់ទៅប្រទេសចិនវិញ។

ចំណាត់ការរបស់ថៃ កើតឡើង បើទោះបីជាមានការជំរុញដោយអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មិនឱ្យបញ្ជូនជនជាតិអ៊ុយហ្គ័រទៅប្រទេសចិនវិញក៏ដោយ។ ជនជាតិអ៊ុយកហ្គ័រ ត្រូវបានរាជរដ្ឋាភិបាលថៃឃុំឃាំងអស់មួយទសវត្សរ៍ ត្រូវបានគេព្រមានថា ពួកគេប្រឈមនឹងហានិភ័យនៃការធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និងការដាក់ទោសរហូតដល់ស្លាប់ជាដើម ប្រសិនបើបញ្ជូនត្រឡប់ទៅដល់ប្រទេសចិនវិញ។ ក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលលោកខាងលិចមួយចំនួន បានចោទប្រកាន់រដ្ឋធានីប៉េកាំង ពីការរំលោភបំពានយ៉ាងខ្លាំងលើជនជាតិអ៊ុយហ្គ័រ ជាជនជាតិដើមភាគតិចមានចំនួនប្រហែល១០លាននាក់ នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន។

គួរបញ្ជាក់ថា ប្រទេសថៃ បានសម្រេចចិត្តបញ្ជូនបុរសជនជាតិអ៊ុយហ្គួរយ៉ាងហោចណាស់ ៤០នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍ បង្ខំឲ្យនិរទេសទៅកាន់ប្រទេសចិនវិញ។ ជនជាតិអ៊ុយហ្គួរបុរសទាំងនោះបានធ្វើការអំពាវនាវជាសាធារណៈកាលពីខែមុន ដើម្បីបញ្ឈប់ការនិរទេសត្រឡប់ទៅប្រទេសចិនវិញដោយលើកហេតុផលថាពួកគេអាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ និងការស្លាប់ដែលអាចកើតមាននៅក្នុងប្រទេសចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ