មណ្ឌលគិរី ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា អ្នកបរិភោគ អ្នកបរបាញ់សត្វព្រៃ នឹងក្លាយទៅជាជនចម្លែកតែឯងដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ មិនឱ្យតម្លៃខ្លួនឡើយ និងត្រូវបានគេជេរត្មេះ តិះដៀលថាមិនបានយលើពីសារៈប្រយោជន៍នៃការរក្សាសត្វព្រៃ។

លោក នេត្រ ភក្ត្រា បានបន្តថា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានិភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងការបរិភោគសាច់ សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមបរិភោគ សាច់សត្វព្រៃសូមបញ្ឈប់ការហូបសាច់សត្វព្រៃ។ សត្វព្រៃគួរតែនៅក្នុងព្រៃ និងត្រូវថែរក្សាឱ្យបានគង់វង្ស។ ដូច្នេះ សូមអំពាវនាវដល់ព្រានព្រៃ ដែលតែងតែចូលព្រៃដាក់អន្ទាក់ និងបរបាញ់សត្វព្រៃសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ពីព្រោះសកម្មនេះជាអំពើខុសច្បាប់។

លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបរិភោគសាច់សត្វព្រៃ អ្នកបរបាញ់សត្វព្រៃ វាទៅជាជនចម្លែកតែឯងដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ មិនឱ្យតម្លៃខ្លួនឡើយ យើងឃើញជាក់ស្តែងហើយជនមួយចំនួន ដែលយកសាច់សត្វព្រៃ ទៅធ្វើជាម្ហូបហើយបង្ហោះអួតនៅលើបណ្តាញទំនាក់ទំនងសង្គម គឺត្រូវបានគេជេរត្មេះ តិះដៀលថាមិនបានយលើពីសារៈប្រយោជន៍នៃការរក្សាសត្វព្រៃ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ