ភ្នំពេញ ៖ រូបភាពចំនួន ២សន្លឹកដែលថតបានដោយក្រុមមន្រ្តី ឧទ្យានុរក្សបង្ហាញពីប្រភេទសត្វ មំសាសី ឬសត្វខ្លាត្រីមួយក្បាលដែលវាកំពុងតោងនិងរស់នៅលើដើមឈើ។

អង្គការជីវិតសត្វព្រៃកម្ពុជាបានឱ្យដឹងថាៈរូបភាពនេះត្រូវគេថតបានក្នុងអំឡុងខែតុលា ឆ្នាំ២០២២នេះក្នុងពេលក្រុមមន្រ្តីឧទ្យានុរក្សចុះល្បាតប្រចាំខែរួចមក។ទោះបីយ៉ាងណាដោយសាររូបភាពដែលទទួលបានពិបាកក្នុងការធ្វើអត្តសញ្ញាណ ទើបអង្គការជីវិតធម្មជាតិនៅកម្ពុជាបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកខ្លាត្រីទាំងនៅក្នុងស្រុក (គម្រោងខ្លាត្រីកម្ពុជា) និងក្រៅប្រទេស ។

ចាប់តំាងពីឆ្នាំ ២០២១ មក អង្គការជីវិតធម្មជាតិនៅកម្ពុជាដោយការគាំទ្រថវិកាពី សហភាពអ៊ឺរ៉ុប-ទន្លេសាបយើង បានជួយបង្កើនសមត្ថភាពនិងគំាទ្រការល្បាតប្រចាំខែរបស់ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារក្នុងគោលបំណងពង្រឹងការគ្រប់គ្រងតំបន់ការពារ និងបង្រ្កាបបទល្មើសឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យប្រសើឡើងនូវព័តមានជីវចម្រុះជាមូលដ្ឋាន។

ជាលទ្ធផលអ្នកជំនាញបានកំណត់ថា វាពិតជាខ្លាត្រីពិតប្រាកដមែន។ សូមបញ្ជាក់ថា នេះជាកំណត់ត្រាជាក់លាក់ជាលើកទីមួយពីវត្តមានសត្វខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ខ្លាត្រី គឺជាប្រភេទកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ។ ខ្លាត្រីអាចមានទម្ងន់ពី ១០ ទៅ ១៥ គីឡូក្រាម ឬលើសពីនេះ ហើយមានលក្ខណៈសម្របខ្លួនខ្ពស់ទៅតាមទីជម្រកក្នុងតំបន់ព្រៃលិចទឹក ជាពិសេសស្បែកការពារទឹកពីរស្រទាប់ ដូចមានក្នុងរូបភាពនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ