សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋាន
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានជំរុញឲ្យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវបន្តរួមគ្នារក្សាសុខសន្តិភាព និងសុខសុវត្ថិភាព ជាពិសេសអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យបវេល, វិទ្យាល័យល្វា, និងសាលាបឋមសិក្សាស្វាយព្រៃ ដែលស្ថិតក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវបន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំកំពូល គឺមាននយោបាយស្ថិតភាពគង់វង់យូអង្វែង ធ្វើឲ្យការកសាងជីវភាព គ្រួសារ ប្រជាពលរដ្ឋ និងកសាង អភិវឌ្ឍន៍ ស្រុក ឃុំ ភូមិ នៃប្រទេសជាតិ ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
បន្ថែមពីនោះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានប្រាប់ឲ្យត្រូវសហការ ជាមួយក្រុមគ្រួសារប្រជាពលរដ្ឋ ក្នុងការចូលរួមត្រួតពិនិត្យ កូនចៅរបស់ពួកគាត់ ដើម្បីទប់ស្កាត់ពីបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ និងជួញដូរគ្រឿង ដែលធ្វើឲ្យទោសទណ្ឌកើតមានច្រើន នៅក្នុងមូលដ្ឋានផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «បើមិនដូច្នេះទេ ថ្ងៃក្រោយយើងនឹងអាចបង្កើតកន្លែងឃុំខ្លួន នៅមូលដ្ឋាន ដើម្បីដាក់ទោសសហគមន៍តែម្តង ព្រោះនៅទីកន្លែងឃុំខ្លួន ខាងលើ និងគ្មានកន្លែងដាក់ទៀតទេ»។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ហាមដាច់ខាត គ្រប់ស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជន ដែលជ្រើសរើស មន្រី្ដរាជការ បុគ្គលិក ឯកជនចូលបំរើការងារស្ថាប័នខ្លួន ដោយមិនបានពិនិត្យសារធាតុញៀន មិនត្រូវទទួលដាច់ខាត អ្នកទទួលខុសត្រូវ ឬ ម្ចាស់ក្រុមហ៊ុនឯកជននោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕EB