ប្រធានាធិបតីប៉េរូលោក Pedro Castillo ត្រូវបានបណ្ដេញចេញពីអំណាច ក្រោយប៉ុនប៉ងរំលាយសភា
ប៉េរ៉ូ៖ប្រធានាធិបតីប៉េរូ លោក Pedro Castillo នៅថ្ងៃពុធសប្ដាហ៍នេះ ត្រូវបានសមាជិកសភានាំគ្នាបោះឆ្នោតបណ្ដេញចេញពីអំណាច និងចាប់ខ្លួន បន្ទាប់ពីលោកប៉ុនប៉ងរំលាយសភាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។
ការបោះឆ្នោតទម្លាក់លោក ប៉េត្រូ កាស្ទីយ៉ូ ចេញពីអំណាចធ្វើឡើង បន្ទាប់ពីប្រធានាធិបតីវ័យ ៥៣ឆ្នាំរូបនេះ បានប្រកាសនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ថាលោក បាននិងកំពុងរំលាយសភាគ្រប់គ្រងដោយគណបក្សប្រឆាំង និងដាក់ចេញបម្រាមគោចរ។
ការប្រកាសនេះបានទទួលរងការរិះគន់យ៉ាងខ្លាំង ហើយសមាជិកសភា បានកោះប្រជុំបន្ទាន់ ដើម្បីជជែកដេញដោលលើការទម្លាក់លោក កាស្ទីយ៉ូ ពីអំណាច និងបានអនុម័តលើសេចក្ដីសម្រេចជាមួយការសំឡេងគាំទ្រ ១០១សំឡេង ក្នុងចំណោមសមាជិកសរុប ១៣០រូប។ សមាជិកសភាមកពីគណបក្សប្រឆាំងបានអះអាងថាលោក កាស្ទីយ៉ូ ត្រូវបានទម្លាក់ចេញពីអំណាចដោយសារអសមត្ថភាព ក្នុងការដឹកនាំប្រទេស និងស្របទៅតាមរដ្ឋធម្មនុញ្ញជាតិដែលអនុញ្ញាតឱ្យដំណើរការនីតិវិធីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីអំណាច។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតទម្លាក់លោក កាស្ទីយ៉ូ លោកស្រី Dina Boluarte អាយុ៦០ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីជាស្ត្រីដំបូង គេរបស់ប្រទេសប៉េរូ៕